Monday, September 9, 2013

តម្រូវ​ការ​ផ្ទាំង​អគ្គិសនី​ពន្លឺ​ព្រះអាទិត្យ​កើន​ឡើង

ប្រទេស​កម្ពុជា មាន​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​មាន​តិចតួច​ប៉ុណ្ណោះ ជា​ពិសេស​នៅ​តំបន់​ដាច់​ស្រយាល​ដែល​មិន​អាច​មាន​ថាមពល​ប្រើប្រាស់​ គ្រប់គ្រាន់​បាន។ អគ្គិសនី​ពន្លឺ​ព្រះអាទិត្យ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​ផ្ទាំង​ថាមពល​នៅ​តំបន់​ ដាច់​ស្រយាល​ទាំង​នោះ។


បន្ទះ 

បន្ទះ​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​សម្រាប់​សាក​អាគុយ​ដែល​ដំឡើង​នៅ​ខេត្ត​កំពង់ឆ្នាំង។

បច្ចុប្បន្ន អ្នក​វិនិយោគ​ទាំង​ក្នុង​ស្រុក និង​បរទេស ចាប់​អារម្មណ៍​ខ្លាំង​លើ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ពន្លឺ​ព្រះអាទិត្យ ស្រប​ពេល​ដែល​តម្រូវ​ការ​អ្នក​ប្រើប្រាស់​ថាមពល​អគ្គិសនី​ពន្លឺ​ព្រះអាទិត្យ ​មាន​ការ​កើន​ឡើង។

ការ​ផ្គត់ផ្គង់ និង​តម្រូវ​ការ​ផ្ទាំង​អគ្គិសនី​ពន្លឺ​ព្រះអាទិត្យ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ ​កត់​សម្គាល់ នៅ​រយៈពេល​ចុង​ក្រោយ​នេះ។ ការ​កើន​ឡើង​នោះ ដោយសារ​តែ​ប្រជាពលរដ្ឋ​យល់​អំពី​សារប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ផ្ទាំង​ អគ្គិសនី​ពន្លឺ​ព្រះអាទិត្យ។ ម៉្យាង​វិញ​ទៀត ចំណូល​របស់​ប្រជាពលរដ្ឋ​បាន​កើន​ឡើង ដែល​ធ្វើ​ឲ្យ​គាត់​មាន​លទ្ធភាព​ទិញ​ថាមពល​នោះ​មក​ប្រើប្រាស់​នៅ​តាម​ផ្ទះ​ របស់​គាត់។
អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគម​អភិវឌ្ឍន៍​ថាមពល​កកើត​ឡើង​វិញ បាន​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស និង​របៀប​នៃ​ការ​ប្រើប្រាស់​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​ថាមពល​អគ្គិសនី​ពន្លឺ​ ព្រះអាទិត្យ​យ៉ាង​ច្រើន​នៅ​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ទាំង​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​បរទេស។
ប្រធាន​ក្រុមហ៊ុន​អគ្គិសនី​ពន្លឺ​ព្រះអាទិត្យ​កម្ពុជា លោក ម៉ៅ សាង៉ាត់ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន អតិថិជន​ទិញ​ផ្ទាំង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ប្រមាណ ១០០​ផ្ទាំង​ក្នុង​មួយ​ខែ​ក្នុង​តម្លៃ​ជាង ៥០០​ដុល្លារ​ក្នុង​មួយ​ផ្ទាំង។ សម្ភារៈ និង​ផ្ទាំង​ពន្លឺ​ព្រះអាទិត្យ​នាំ​ចូល​ពី​ប្រទេស​សិង្ហបុរី ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ផ្ទាំង​ថាមពល​នេះ មាន​ការ​ប្រកួត​ប្រជែង​ពី​ក្រុមហ៊ុន​ផ្សេង​ទៀត​ជា​ច្រើន ដែល​វិនិយោគ​បង្កើត​ក្រុមហ៊ុន​លក់​សម្ភារៈ​ពន្លឺ​ថាមពល​ព្រះអាទិត្យ។

លោក ម៉ៅ សាង៉ាត់ មាន​ប្រសាសន៍​បន្ថែម​ថា ការ​ធានា​លើ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​នេះ មាន​រយៈពេល ២០​ឆ្នាំ។ ប៉ុន្តែ ទោះ​ជា​មាន​ការ​ធានា​បែប​នេះ​ក្ដី ក៏​មាន​អតិថិជន​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​លើ​ការ​ប្រើប្រាស់​សម្ភារៈ​ ថាមពល​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​នេះ​ដែរ ជា​ពិសេស​អ្នក​រស់​នៅ​ទីប្រជុំ​ជន ព្រោះ​ការ​ប្រើប្រាស់​ផ្ទាំង​អគ្គិសនី​ពន្លឺ​ព្រះអាទិត្យ​នេះ​មិន​សម្បូរ​ បែប។
លោក ម៉ៅ សាង៉ាត់៖ «អគ្គិសនី​ពន្លឺ​ព្រះអាទិត្យ វា​អត់​ទូលំទូលាយ​ដូច​អគ្គិសនី​រដ្ឋ​យើង។ អគ្គិសនី​ពន្លឺ​ព្រះអាទិត្យ យើង​ប្រើ​បាន​តែ​អំពូល​កង្ហារ ហើយ​ដល់​ពេល​អ្នក​នៅ​ទីក្រុង​គេ​ប្រើ​ម៉ាស៊ីន​ត្រជាក់ ទូរ​ទឹកកក ម៉ាស៊ីន​បោក​ខោអាវ អ៊ុត​ខោអាវ​អីចឹង វា​មាន​ទ្រង់ទ្រាយ​ធំ។ អគ្គិសនី​ពន្លឺ​ព្រះអាទិត្យ​សម្រាប់​តែ​ជនបទ ហើយ​អគ្គិសនី​រដ្ឋ​យើង គឺ​សម្រាប់​តែ​ទីក្រុង»

លោក​មាន​ប្រសាសន៍​បន្ថែម​ថា តម្រូវ​ការ​ទិញ​ផ្ទាំង​អគ្គិសនី​ពន្លឺ​ព្រះអាទិត្យ​បាន​កើន​ឡើង ជា​ពិសេស​អ្នក​រស់នៅ​តំបន់​ដាច់​ស្រយាល​ដែល​មិន​មាន​ភ្លើង​អគ្គិសនី​ គ្រប់គ្រាន់។ ប៉ុន្តែ​បច្ចុប្បន្ន ស្រប​ពេល​ដែល​កម្ពុជា មាន​ភាព​វឹកវរ​ខាង​ផ្នែក​នយោបាយ បាន​ប៉ះពាល់​ដល់​ការ​លក់​របស់​ក្រុមហ៊ុន។
បន្ថែម​លើ​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន ស៊ុលឡា អ៊ែននីជី (Solar Energy) លោក ញឹម សារ៉ន មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​ថាមពល​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ គឺ​ចំណេញ​ច្រើន ហើយ​ចំណាយ​តិច។ លោក​បញ្ជាក់​ថា នៅ​តំបន់​ទី​ជនបទ​មាន​តម្លៃ​ភ្លើង​អគ្គិសនី​មាន​តម្លៃ​ខ្ពស់។ ចំពោះ​ការ​ប្រើប្រាស់​អាគុយ ម៉ាស៊ីន​ភ្លើង​វិញ ក៏​ត្រូវ​ចំណាយ​ច្រើន ដោយសារ​តែ​ថ្លៃ​ប្រេង​សាំង​មាន​តម្លៃ​ខ្ពស់​ដែរ ប៉ុន្តែ​ការ​ប្រើប្រាស់​ផ្ទាំង​អគ្គិសនី​ពន្លឺ​ព្រះអាទិត្យ​មាន​ អត្ថប្រយោជន៍​ច្រើន ព្រោះ​ធានា​រយៈពេល ២៥​ឆ្នាំ ហើយ​ផ្ទាំង​ស៊ុលឡា នេះ នាំ​ចូល​មក​ពី​ប្រទេស​អាល្លឺម៉ង់។

លោក ញឹម សារ៉ន៖ «វា​ងាយ​វា​ចំណេញ​ច្រើន​មែន​ទែន ដោយសារ​តែ​យើង​ត្រឹម​តែ ៤០០-៥០០ ឬ ១​ពាន់​ដុល្លារ​អ៊ីចឹង គាត់​អាច​យក​មក​ចែក​ជា​មួយ​ពេល​វេលា​នៃ​ការ​ប្រើប្រាស់​របស់​គាត់ ត្រឹម​តែ ៣​ឆ្នាំ តម្លៃ​ហ្នឹង គឺ​សង​រួច​បាត់​ហើយ ព្រោះ​គាត់​ចំណាយ​លើ​អាគុយ​ផង ហើយ​ទិញ​សាំង​ចាក់​ដើម្បី​បញ្ចូល​អាគុយ និង​ពេល​វេលា»

លោក ញឹម សារ៉ន មាន​ប្រសាសន៍​បន្ថែម​ថា អតិថិជន​មួយ​ចំនួន​យល់​ថា ការ​ប្រើប្រាស់​ផ្ទាំង​អគ្គិសនី​ពន្លឺ​ព្រះអាទិត្យ​តែ​មួយ​មុខ នៅ​មិន​គ្រប់គ្រាន់​ឡើយ ដោយសារ​តែ​ផ្ទាំង​នេះ​បាន​កំណត់​រយៈពេល​នៃ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ លោក​បន្ថែម​ទៀត​ថា ឧបសគ្គ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ទំនុក​ចិត្ត​របស់​អតិថិជន​ប្រើប្រាស់​ផ្ទាំង ​ស៊ុលឡា បាន​បាត់​បង់​បន្តិច​ម្ដងៗ ដោយសារ​តែ​ក្រុមហ៊ុន​មួយ​ចំនួន​លក់​ផលិតផល​ស៊ុលឡា ដែល​គ្មាន​គុណភាព។ ម៉្យាង​វិញ​ទៀត ចំណូល​របស់​ប្រជាពលរដ្ឋ​នៅ​ទី​ជនបទ​បាន​កើន​ឡើង ជា​មូលហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​តម្រូវ​ការ​ប្រើប្រាស់​សម្ភារៈ​ទំនើប ដូច​ជា​ម៉ាស៊ីន​ត្រជាក់ ម៉ាស៊ីន​បោក​គក់ ជា​ដើម។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ស្រាវជ្រាវ​នានា​បាន​បង្ហាញ​ថា ការ​ប្រើប្រាស់​ផ្ទាំង​ស៊ុលឡា ឬ​ផ្ទាំង​អគ្គិសនី​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ បាន​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​ចំណេញ​ច្រើន និង​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​ជា​ដើម។
ប្រធាន​សមាគម​អភិវឌ្ឍន៍​ថាមពល​កកើត​ឡើង​វិញ អ្នកស្រី ខៀវ ធីតា មាន​ប្រសាសន៍​ថា ការ​ផ្សព្វផ្សាយ​អំពី​ការ​ប្រើប្រាស់​ផ្ទាំង​អគ្គិសនី​ពន្លឺ​ព្រះអាទិត្យ​ បាន​ទូលំទូលាយ​ជាង​មុន។ ប្រជាពលរដ្ឋ​មួយ​ចំនួន​យល់​ថា ការ​ប្រើប្រាស់​ផ្ទាំង​ស៊ុលឡា នេះ បាន​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​ដល់​ពួក​គាត់ ជា​ពិសេស​កាត់​បន្ថយ​លើ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​របស់​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ជា​ដើម។ អ្នកស្រី​បញ្ជាក់​ថា គោល​បំណង​នៃ​ការ​បង្កើត​សមាគម​នេះ គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ទាញ​ប្រយោជន៍​ពី​បរិស្ថាន​ដែល​នៅ​ជុំវិញ​ផ្ទះ និង​កាត់​បន្ថយ​ចំណាយ​ប្រើប្រាស់​ថាមពល​ដែល​ប៉ះពាល់​ដល់​បរិស្ថាន។

អ្នកស្រី ខៀវ ធីតា៖ «គោល​បំណង​របស់​ខ្ញុំ គឺ​ជា​ក្រុម​ដែល​ថា អ្នក​បច្ចេកទេស​នៅ​ក្នុង​ស្រុក​ខ្មែរ។ ហើយ​ពួក​ខ្ញុំ​បង្កើត​នេះ គឺ​មិន​មែន​បង្កើត​ត្រឹម​តែ​ផ្ទាំង​កញ្ចក់​ស៊ុលឡា ដែរ គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឆ្ងាយៗ ឬ​នៅ​តំបន់​ជនបទ គាត់​អាច​ប្រើប្រាស់​នូវ​ថាមពល​កកើត​ឡើង​វិញ ដែល​ពាក់ព័ន្ធ​នឹង​ស៊ុលឡា វារីអគ្គិសនី ឬ​ក៏​វារី​បូម​ទឹក​ផ្សេង​ទៀត។ អ៊ីចឹង គោល​បំណង​របស់​ពួក​ខ្ញុំ គឺ​ចង់​ឲ្យ​គាត់​យល់​ដឹង​ពី​ចំណុច​អស់​ហ្នឹង ដើម្បី​ឲ្យ​គាត់​ទាញ​យក​ធម្មជាតិ​មក​ប្រើប្រាស់ ជៀសវាង​ការ​ដែល​គាត់​ប្រើប្រាស់​ម៉ាស៊ីន​ភ្លើង»

អ្នកស្រី ខៀវ ធីតា មាន​ប្រសាសន៍​បន្ត​ថា ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ជា​អ្នក​ក្រីក្រ ដែល​មិន​មាន​លទ្ធភាព​ចំណាយ​លុយ​ច្រើន ដើម្បី​ទិញ​ផ្ទាំង​ស៊ុលឡា នោះ​បាន។ សមាគម​មាន​គម្រោង​ឲ្យ​គាត់​បង់​ជា​ដំណាក់​កាល ឬ​ពន្យារ​ពេល​រហូត​ដល់​រយៈពេល​ប្រមូល​ផល​ជា​ដើម។
អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច និង​ស្ថាប័ន​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា ការ​ប្រើប្រាស់​ផ្ទាំង​ស៊ុលឡា អាច​ជួយ​កាត់​បន្ថយ​បន្ទុក​ការ​ប្រើប្រាស់​អគ្គិសនី​ដែល​មាន​តម្លៃ​ខ្ពស់។ របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ប្រចាំ​ឆ្នាំ​២០១២ បាន​បង្ហាញ​ថា តម្លៃ​អគ្គិសនី​ប្រើប្រាស់​នៅ​តាម​ផ្ទះ ឧស្សាហកម្ម និង​ពាណិជ្ជកម្ម មាន​តម្លៃ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​រារាំង​ដល់​កំណើន​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ជាតិ។

ការ​រក​ឃើញ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​អាល្លឺម៉ង់ បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា ប្រើប្រាស់​ឧបករណ៍​ទំនើប​តាម​ផ្ទះ ដូច​ជា​ម៉ាស៊ីន​ត្រជាក់ ម៉ាស៊ីន​បោក​ខោ​អាវ ទូរ​ទឹកកក បាន​កើន​ឡើង ២០% នៅ​ត្រី​មាស​ទី​មួយ​ឆ្នាំ​២០១៣ ប៉ុន្តែ​កំណើន​នេះ ស្ថិត​នៅ​តំបន់​ទី​ប្រជុំ​ជន គឺ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប៕

Source RFA Khmer  

No comments:

Post a Comment